"ឆាបន្លែគ្រប់មុខ"
1. គ្រឿងផ្សំ
- សាច់ជ្រូក (សាច់សុទ្ធ រឺសាច់បីជាន់) 400
- ស្នៀតពោត 10ស្នៀត
- ម្ទេសប្លោក (ម្ទេសហាវៃ) ទុំ និងខ្ចី 300g
- សណ្តែកខៀវ 200g
- មើមខ្ទឹមបារាំង 300g
- មើមខ្ទឹមសរ 3កំពឹស - ប្រេងឆា 2ស្លាបព្រាបាយ - ទី
- ទឹកត្រី 1ស្លាបព្រាបាយ - អំបិល 1ភាគ3ស្លាបព្រាបាយ
- ស្ករសរ 1ភាគ2ស្លាបព្រាបាយ - ម្សៅស៊ុប 1ភាគ3នៃស្លាបព្រាបាយ
- ប្រេងគ្រុំ 1ស្លាបព្រាបាយកន្លះ
2. របៀបធ្វើ
យកស្នៀតពោតមកបកយកសំបកនិងសក់ចេញអោយស្អាត
ទុកតែស្នូល រួចយក ស្នៀតពោត និងបន្លែទាំងអស់ទៅលាងទឹកអោយស្អាត
យកស្នៀតពោតមកហាន់ជាចង្វាមូលប៉ុនៗកូនដែប្រវែង 2ថ្នាំងដៃ
ម្ទេសប្លោក ត្រូវពុះជាពីរយកបណ្តូល និងគ្រាប់ចេញអោយស្អាត
រួចយកមកហាន់បណ្តោយៗ ទំហំប៉ុនៗម្រៀមដៃ
ន្ទាប់មកយកម្ទេសដែលហាន់បណ្តោយៗរួចនោះមកហាន់
ទទឹងៗ រាងបញ្ចិតៗ ទំហំប៉ុនកូនដៃ ។
ខ្ទឹមបារាំងត្រូវពុះចំពាក់កណ្តាលជាពីរ កាត់យកបណ្តូលចេញ រួចហាន់
ជាបណ្តោយៗ ទំហំប៉ុនៗកូនដៃ ។ ឯសណ្តែកខៀវ
យកមកកាត់ទង និងកន្ទុយ ចេញអោយស្អាត
ហើយទុកបន្លែទាំងអស់ហ្នឹងមួយអន្លើ ។0
បន្ទាប់មកទៀតយកសាច់ជ្រូកមកលាងទឹកអោយស្អាតរួចហាន់ជាបន្ទះស្តើងៗល្មម ។
យកមើមខ្ទឹមសរមកដំអោយបែកហើយចិញ្ច្រាំអោយល្អិតទុកមួយអន្លើ ។
3. របៀបចំអិន
ដាក់ខ្ទះដាំលើភ្លើងអោយស្ងួត ចាក់ប្រេងឆាចូលទុកអោយក្តៅ
បន្ទាប់មកដាក់មើមខ្ទឹមដែលចិញ្ច្រាំនោះដាក់បំពងកូរអោយសព្វ
កុំអោយខ្លោច រហូតដល់ឡើងពណ៌ពងក្រឡាត
ធុំក្លិនឈ្ងុយល្អ បន្ទាប់មកចាក់ទឹកត្រីចូល ដាក់សាច់ជ្រូកចូល
ដាក់ស្ករសរ អំបិល ម្សៅស៊ុប ចូល ចូកត្រលប់ទុកប្រហែល3នាទី
បន្ទាប់មកទៀតដាក់ស្នៀតពោត និង ទឹកធម្មាមួយកែវចូល
ចូកត្រលប់ ទុក5នាទី អោយស្នៀតពោតស្រពាប់បន្តិច
រួចដាក់សណ្តែកខៀវ និង ម្ទេសប្លោកចូល
ទុក4-5នាទី សឹមដាក់ខ្ទឹមបារាំង និងប្រេងគ្រុំចូល
ចូកច្របល់អោយសព្វទុក2-3នាទីអោយខ្ទឹមបារាំងឆ្អិនល្មម
ចុងបញ្ចប់ភ្លក់មើលអោយល្មមនោះជាការស្រេច ។
ចប់